ហង្ស​មាស​មាន​អ្វី​កើត​ឡើង​បាន​ជា​ទាំង​ថ្នាក់​ដឹក​នាំ​និង​តារា​ចម្រៀង​នាំ​គ្នា​ចេញ​ជា​បន្ត​បន្ទាប់?



តាំង​ពី​ដើម​ឆ្នាំ​២០១៦​មក​ដល់​ពេល​នេះ​ គេ​សង្កេត​ឃើញ​ថា​ប្រជាប្រិយភាព​របស់​ផលិតកម្ម​ហង្ស​មាស​ហាក់​ស្ទុះ​ឡើង​ខ្លាំង​ឈាន​មុខ​គេ​ឡើង​វិញ​ បន្ទាប់​ពី​បាត់​បង់​ដំណែង​នេះ​ទៅ​ផលិតកម្ម​​សាន់ដេ​​ជា​ច្រើន​ឆ្នាំ​មក​​។​កត្តា​ដែល​ការ​គាំ​ទ្រ​មក​លើ​ផលិត​កម្ម​នេះ​ត្រលប់​មក​វិញ គឺ​ដោយ​សារ​តែ​តារា​ចម្រៀង​ថ្មី​ៗ​ចូល​ជា​ច្រើន​ ដែល​ពួក​គេ​សុទ្ធ​សឹង​ជា​បេក្ខជន​ក្នុង​ការ​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​ដែល​រៀប​ចំ​ដោយ​ហង្ស​មាស​ផ្ទាល់​។
​ការ​​បើក​ផ្លូវ​អោយ​តារា​ចម្រៀង​ចូល​កាន់​តែ​ច្រើន​ ធ្វើ​អោយ​ហង្ស​មាស​ក្លាយ​ជា​ផលិត​កម្ម​ដែល​មាន​អ្នក​ចម្រៀង​ច្រើន​បំផុត​ក្នុង​ប្រទេស។​ស្រប​ពេល​ជាមួយ​តារា​ចម្រៀង​កាន់​តែ​ច្រើន គេ​សង្កេត​ឃើញ​ពាក្យចចាមអារ៉ាម​​ក៏​កាន់​តែ​ច្រើន​ ពី​ការ​កើត​ទុក​មិន​សុខ​ចិត្ត​របស់​តារា​ចម្រៀង​រួម​ដំបូង​តែ​មួយ​ ប៉ុន្តែ​​បែរ​ជា​អ្នក​ខ្លះ​មាន​បទ​ច្រើន​ស្ទើរ​ច្រៀង​មិន​អស់ ចំណែក​អ្នក​ខ្លះ​ទៀត​ពីរ​ បី​ខែ​ស្ទើរ​មិន​ទាន់​ចេញ​មួយ​បទ។​ហើយ​មក​ទល់​ពេល​នេះ​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​សុទ្ធ​មាន​បំណង​ចង់​ចាក​ចេញ ចំណែក​អ្នក​ខ្លះ​ក៏​ចេញ​មក​ហើយ ដោយ​សារ​តែ​ឆ្អែត​ចិត្ត​ពី​ភាព​លំអៀង​មិន​ផ្ដល់​ឱកាស​និង​ដំណោះ​ស្រាយ។​ជាក់​ស្ដែង​តារា​ចម្រៀង​ កញ្ញា​ឈិត​ សុវណ្ណា​បញ្ញា​ ក្រោយ​ពី​ជ្រក​កោន​ក្នុង​ផលិត​កម្ម​នេះ​១១​ឆ្នាំ ពេល​នេះ​ឈិត​ សុវណ្ណបញ្ញា​បាន​ប្រកាស​ដើរ​ចេញ​ពី​ហង្ស​មាស​ហើយ បន្ទាប់​​ពី​កញ្ញា​រង់​ចាំ​អស់​រយះ​ពេល​ជាង​១០​ឆ្នាំ ហង្ស​មាស​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​បញ្ចេញ​បទ​ល្អ​អោយ​ច្រៀង និង​សូម្បី ​តែ​អាល់ប៊ុម​ទោល​មួយ​ម្នាក់​ឯង​ក៏​កញ្ញា​មិន​បាន​ទទួល​ ស្រប​ពេល​ដែល​តារា​ស្រី​ផ្សេង​ទើប​តែ​ចូល​​​​ ក៏​ហង្ស​មាស​ខំ​ប្រឹង​បញ្ចេញ​អាល់​ប៊ុម​ទោល​អោយ​នោះ។​

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​បញ្ញា សូម្បី​អ្នក​នាង​យក់ ថិតរដ្ធា​ក៏​បាន​បោះ​ពាក្យ​ថា​នឹង​ដើរ​ចេញ​ដែរ បន្ទាប់​ពី​គាត់​តែង​ត្រូវ​ហង្ស​មាស​មើល​រំលង​ទាំង​បទចម្រៀង ការ​សម្ដែង​តាម​ខនសឺត រួម​ទាំង​ការ​​ចេញ​មុខ​ក្នុង​កម្មវិធី​ធំៗ​នេះ ខណៈ គាត់​ជា​តារា​ចម្រៀង​ម្នាក់​ដែល​ពោ​ពេញ​ទៅ​ដោយ​បទ​ពិសោធ​និង​សមត្ថភាព​តែ​បែរ​ជា​មិន​ត្រូវ​បាន​គេ​លើក​ស្ទួយ​ដូច​តារា​ចម្រៀង​ច្រៀង​មិន​ច្បាស់​ទៅ​វិញ។​

ងាក​មក​ចាប់​អារម្មណ៍​នឹង​កញ្ញា​ ស៊ុន​ ស្រី​ពេជ្រ​វិញ​រឹត​តែ​មិន​ខុស ពី​អ្នក​នាង​យក់​ ថិត​រដ្ធា។​​តា​រា​ចម្រៀង​បទ​បែប​មនោសញ្ចេតនា​​ម្នាក់​នេះ អះ​អាង​ថា​នឹង​ដើរ​ចេញ​ទៅ​រក​ទ្រនំ​ថ្មី បើ​សិន​ជា​ផលិត​កម្ម​ហង្ស​មាស​នៅ​​តែ​មើល​រំលង​ខ្លួន​ ហើយ​មិន​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​នោះ។

អស់​ពី​តារា​ចម្រៀង​ក៏​​រឹត​តែ​ភ្ញាក់​ផ្អើល​ដែរ ដោយ​សារ​តែ​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ហង្ស​មាស​លោក​ អ៊ិន​ ទីតូ​ទើប​តែ​ប្រកាស​ថា​គាត់​បាន​ដើរ​ចេញ​ពី​ហង្ស​មាស​ដែល​គ្រប់​គ្រង​អស់​រយះ​ពេល​៩​ឆ្នាំ​មក​នេះ ហើយ​ពេល​នេះ​គាត់​ក៏​បាន​ចូល​មក​កាន់​ការ​ងារ​ក្នុង​ផលិតកម្ម​ថោ​ន​វិញ។​ចំពោះ​ហេតុ​ផល​វិញ​លោក​គ្រាន់​តែ​លើក​ឡើង​ថា​ចង់​ផ្លាស់​ប្ដូរ​បទពិសោធន៍​ការ​ងារ​នៅ​កន្លែង​ថ្មី​ប៉ុណ្ណោះ។​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា​គ្មាន​នរណា​ម្នាក់​ចាក​ចេញ​ពី​កន្លែង​ដែល​ខ្លួន​បាន​រស់​នៅ​ក​សាង​ខ្លួន​នោះ​ទេ បើ​សិន​ជា​មិន​មាន​រឿង​អ្វី​ធំ​ដំ ឆ្អែត​ចិត្ត​នោះ៕

ដោយ: Tea​​​​​​

Share on Google Plus

0 comments:

Post a Comment