បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ប៉ុន្តែ​ខ្មែរ​ខ្លួន​ឯង​ពេញ​និយម​វប្បធម៌​បែក​ស្លុយ​ហុយ​ដី




ភាព​ដដែលៗ​ជា​សត្រូវ​របស់​​ទស្សនិកជន​ នេះ​ជា​អ្វី​ដែល​អ្នក​ក្នុង​រង្វង់​សិល្បៈ​តែង​តែ​និយាយ​ពេល​ចេញ​មុខ​តាម​ព័ត៌មាន​ម្ដង​ៗ។​ដូច្នេះ​គេ​តែង​ធ្វើ​អ្វី​ប្លែក​ៗ រហូត​ដល់​ប្លែក​ទៅ​ប្លែក​ទៅ​ចាក​ឆ្ងាយ​គំនូស​ព្រំ​ដែន។ជាក់​ស្ដែង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​ជា​បុណ្យ​ប្រពៃណី​ពី​ដូនតា​​ ដែល​ធ្លាប់​តែ​ប្រារព្ធ​ឡើង​ព្រម​ជា​មួយ​ការ​រាំ​កម្សាន្ត​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​ ស្ទើរ​តែ​គ្មាន​ទៀត​ទេ​រយះ​ពេល​២​ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ។​​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ជា​ពិសេស​យុវវ័យ​ផ្ទាល់​ស្ទើរ​តែ​ភ្លេច​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​ ហើយ​ទៅ​ជា​ពេញ​និយម​បទ​រាំ​​រញ៉េរញ៉ៃ គេ​ហៅ​ថា​រាំ​កូរ​អី​ណា​ទៅ​វិញ។​ចំណែក​ផលិតកម្ម​​វិញ​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ទិញ​ដែល​ភាគ​ច្រើន​ជា​យុវវ័យ ក៏​ងាក​មក​ផលិត​បទ​ចម្រៀង​រាំ​ញាក់​បែប​Remix ច្រើន​ជាង​បទ​រាំ​វង់​ សារ៉ាវ៉ាន កន្ទ្រឹម​ទៅ​វិញ។​ ចំណែក​តារា​ចម្រៀង​ដើម្បី​បាន​ល្បី​បទ​ខ្លួន​ក្នុង​រដូវ​ចូល​ឆ្នាំ សុខ​ចិត្ត​តែង​ខ្លួន និង​រាំ​​ញាក់​ញ័រ​ស្ទើរ​ឆ្កួត​បាត់​អស់​ជា​ចរិត​របស់​ខ្មែរ​ដែល​ទន់​ភ្លន់​។


ប្រសិន​បើ​ការ​ធ្វើ​បែប​នេះ​នៅ​តែ​បន្ត ហើយ​ប្រជាជន​ខ្មែរ​នៅ​តែ​បន្ត​គាំ​ទ្រ សកម្មភាព​យក​សិល្បៈ​ទម្រង់​បរទេស​មក​លាយ​ជាមួយ​បុណ្យ​ប្រពៃណី​ មិន​យូរ​ទេ​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​លឺ​តែ​បទ​ញាក់​រញ៉េរញ៉ៃ​ពេល​ចូល​ឆ្នាំ នឹង​គិត​ថា​វា​ជា​ចង្វាក់​ប្រពៃណី​ខ្លួន​ដែរ​ជាក់​ជា​មិន​ខាន។


នៅ​ពេល​នេះ​មនុស្ស​គ្រប់​គ្នា​នៅ​មិន​ទាន់​ឃើញ​ពី​ផល​អាក្រក់​របស់​វា​ទៅ​ថ្ងៃ​មុខ ទើប​មាន​ហើយ​មិន​ចេះ​ថែរក្សា។​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​មិន​ទាន់​ភ្លេច​ នៅ​ពេល​មាន​ពាក្យចចាមអារ៉ាម​ថា​ប្រទេស​ជិត​ខាង​មាន​បំណង​ដាក់​ល្ខោនខោល​ជា​របស់​គេ​នោះ កូន​ខ្មែរ​ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​ហាក់​ដូច​ជា​ការពារ​ណាស់ ខ្លាច​បាត់​បង់​ណាស់ ខឹង​គេ​ណាស់​ដែល​ចង់​មក​ដណ្ដើម​របស់​ខ្លួន មាន​ដល់​ថ្នាក់​ជេរ​គេ ដៀម​ដាម​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដែល​មិន​ដែល​ធ្វើ​សកម្មភាព។​ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​បាន​ផលិត​ល្ខោន​ខោល​នេះ​ដើម្បី​ចាក់​ផ្សាយ ប៉ុន្តែ​បែរ​ជា​មិន​សូវ​មាន​អ្នកទស្សនា​ទៅ​វិញ​។​


ពេល​នេះ​ក៏​មិន​ខុស​គ្នា​ដែរ អ្នក​អាច​នឹង​​ភ្លេច​គិត​ពី​ចង្វាក់​រាំ​របស់​ខ្មែរ អ្នក​អាច​នឹង​រវល់​ជក់​ខ្យល់​បែក​ស្លុយ​បែប​អាវាសែ ប៉ុន្តែ​បើ​សិន​ថ្ងៃ​ណា​មួយ​ប្រទេស​ដទៃ​យក​វា​ទៅ​ថែ​រក្សា​យក​ជា​ចុះ​ជា​សម្បត្តិ​របស់​គេ។​សូម​កុំ​ខឹង​គេ កុំ​ស្អប់​គេ កុំ​ជេរ​គេ ព្រោះ​វា​ជា​កំហុស​របស់​យើង​ដែល​មិន​ចេះ​ថែ​រក្សា។​សង្ឃឹម​ថា​អ្នក​អាន​អត្ថបទ​នេះ​រួច ចូល​រួម​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ វប្បធម៌​ដ៏​ល្អ​ផូរផង់​នេះ ជាមួយ​ចង្វាក់​រាំវង់​ រាំក្បាច់​ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម តាលុង​ ចូក​កំពឹស​ ហើយ​កាត់​បន្ថយ​រាំ​ញ័រ​ញាក់​ គ្រវី​ដៃ​ជើង រញ៉េរញ៉ៃ​ទាំង​អស់​គ្នា៕



ដោយ​: ធី​
​​​​​​​​​​​​​


Share on Google Plus

0 comments:

Post a Comment