ហេតុ​អ្វី​ហង្សមាស​លើក​នី រតនា​ខ្លាំង​ជាង​ប៊ុត សីហា​និង​ធែល​ ថៃ​ដែល​លើក​ពាន​ដូច​គ្នា?




លើក​ពាន​ដូច​គ្នា ប៉ុន្តែ​ការ​លើក​តម្កើង​មិន​ដូច​គ្នា​ឡើយ នេះ​ជា​ការ​យល់​ឃើញ​របស់​ទស្សនិកជន​ ជា​ពិសេស​អ្នក​គាំ​ទ្រ​ប៊ុត​ សីហា​និង​ធែល​ ថៃ​តែ​ម្ដង​។​ជាមួយ​ការ​យល់​ឃើញ​នេះ វា​មិន​ខុស​នោះ​ទេ​ព្រោះ​មិន​ថា​ការ​ចេញ​បទ​ចម្រៀង​ ការ​ឡើង​ឆាក​តន្ត្រី​​ធំៗ​របស់​ហង្ស​មាស គឺ​​មិន​ដែល​បាត់​មុខ​នី​ រតនា​ឡើយ ខណៈ​ដែល​យូរ​ៗ​ម្ដង​ទើប​គេ​ឃើញ​លេច​វត្តមាន​ធែល ថៃ​និង​ប៊ុត​ សីហា​ឡើង​ឆាក​ច្រៀង​នឹង​គេ។​ចំណែក​បទ​ចម្រៀង​ថ្មីៗ​និង​ល្អ​ៗ​ គេ​សង្កេត​ឃើញ​ថា​ប៊ុត​ សីហា​ហាក់​ដូច​ជា​សូវ​ទទួល​បាន​សោះ​តែ​ម្ដង។​


ជាមួយ​នឹង​ចម្ងល់​នេះ មាន​អ្នក​ខ្លះ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ហង្សមាស​ហាក់​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​លើ​ម្ចាស់​ពាន​Cambodian Idol​រដូវ​កាល​ទី​១ ខ្លាំង​ជាង​ម្ចាស់​ពាន​The Voice ទាំង​រដូវ​កាល​ទី​១​និង​ទី​២?​ឬ​ក៏​តម្លៃ​ពាន​Cambodian Idolមាន​តម្លៃ​ជាង​The Voiceទាំង​ដែល​ទាំង​ពីរ​កម្មវិធី​ហង្សមាស​ផលិត​ដូច​គ្នា​សោះ?​


ស្រាយ​នឹង​ចម្ងល់​នេះ​ក៏​មាន​អ្នក​យល់​ឃើញ​ថា​ការ​ដែល​ហង្សមាស​លើក​នី រតនា​អោយ​កប់​គឺ​មក​ពី​នី រតនា​ចាប់​ចំ​លេខ​សំណាង​ប៉ុណ្ណោះ។​លេខ​សំណាង​គឺ​ថា​ក្រោយ​ពី​​ម៉ៅ​ ហាជី សៅ ឧត្តម​ សុវណ្ឌី ធារិកា រួម​ទាំង​អៀម វន្នី​មិន​ចូល​ច្រៀង​អោយ​ហង្សមាស​ ហើយ​ងាក​ទៅ​រក​ទ្រនំ​ផ្សេង​ៗ​រៀង​ៗ​ខ្លួន​។​

ហេតុ​ដូច្នេះ​ទើប​ហង្សមាស​ក្ដៅ​ស្លឹក​ត្រចៀក​និង​លើក​នី​ រតនា​ដោយ​បញ្ចេញ​បទ​ល្អៗ ព្រម​ទាំង​ដាក់​អោយ​ច្រៀង​ស្ទើរ​តែ​គ្រប់​ឆាក​តន្ត្រី​តាម​បណ្ដា​ខេត្ត​​ដើម្បី​ប្រមូល​ការ​គាំ​ទ្រ​​​អោយ​ល្បី​ខ្លាំង​ជាង​អ្នក​ដែល​ចាក​ចេញ​ទៅ​ទ្រនំ​ផ្សេង​ព្រោះ​ថា​បើ​សិន​ជា​ម៉ៅ ហាជី សៅ ឧត្តម​ និង​អៀម វន្នី​ល្បី​ជាង​នី រតនា​នោះ​ហង្សមាស​នឹង​បាក់​មុខ​មិន​ខាន ពី​ព្រោះ​ពួក​គេ​ជា​គូ​ប្រៀប​ធៀប​ក្នុង​ក្រសែ​ភ្នែក​មហាជន​ដែល​ចាំ​មើល​ថា​តើ​រវាង​អ្នក​នៅ​និង​អ្នក​សម្រេច​ចិត្ត​មិន​ចូល​ហង្សមាស​មួយ​ណា​មាន​កេរ្តិ៍​ឈ្មោះ​និង​បទ​ល្បី​ជាង​នៅ​ថ្ងៃ​ក្រោយ។​ដូច្នេះ​ចង់​មិន​ចង់​ក៏​ត្រូវ​សម្រុក​បទ​ល្អ​ៗ​ដែរ​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​តារា​ចម្រៀង​កំពូល​សំណាង​នេះ​មិន​អោយ​ចាញ់​អ្នក​ចេញ​។​នេះ​ក៏​ជា​ហេតុ​ផល​មួយ​ដែល​ ប៊ុត សីហា​និង​ធែល ថៃ​ត្រូវ​ធីប​ចោល​​នៅ​មួយ​ដុំ​សិន​​ដោយ​មិន​​ទទួល​បាន​ការ​ជ្រោមជ្រែង​ខ្លាំង​ដូច​នី រតនា​នោះ​ទេ ព្រោះ​ពួក​គេ​គ្មាន​អ្នក​ត្រូវ​ចាំ​ប្រៀប​ធៀប​​។​ទោះ​យ៉ាង​ណា​ការ​ពិត​ក៏​គ្មាន​អ្នក​ណា​ដឹង​ច្បាស់​នោះ​ឡើយ​ ថា​អាច​មាន​ហេតុ​ផល​ផ្សេង​ពី​នេះ​ឬ​យ៉ាង​ម៉េច ប៉ុន្តែ​ហេតុ​ផល​មួយ​នេះ​ក៏​វា​អាច​ទទួល​យក​បាន​នឹង​សម​ហេតុ​ផល​ដែរ៕​


ដោយ:ធីម​​​

Share on Google Plus

1 comments:

  1. ហាសៗ អាចទទួលយកបានដែរតាសហេតុផលហ្នឹង! តាមះពិតទៅអ្នកផ្សេងៗក្រៅពីនីរតនា គេច្រៀងពិរោះហើយមិនភ្លៀវដូចនីរតនាទេ! ខ្ញុំមិនមែនច្រណែនទេខ្ញុំនិយាយតាមការយល់ឃើញរបស់ខ្ញុំ!

    ReplyDelete