ក្រោយ​ពី​ចាក​ចេញ​ហង្ស​មាស​ភ្លាម យក់​ ថិតរដ្ធា​ត្រូវ​គេ​លាប​អោយ​ក្លាយ​ជា​តួ​ចិត្ត​អាក្រក់​ភ្លាម




មិន​ទាន់​បាន​មួយ​សប្ដាហ៍​​ក្រោយ​ពី​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ផលិតកម្ម​ហង្ស​មាស​​របស់​ឈិត សុវណ្ណបញ្ញា​ផង ពេល​នេះ​តារា​ចម្រៀង​​លំដាប់​ជួរ​មុខ​របស់​ហង្ស​មាស​ម្នាក់​ទៀត​ក៏​ប្រកាស​ពី​ការ​លា​ឈប់​ជា​ផ្លូវ​ការ​ភ្លាម​។​ម្សិល​មិញ​ប្រិយមិត្ត​និង​ជា​អ្នក​គាំ​ទ្រ​របស់​អ្នក​នាង​យក់​ ថិតរដ្ធា​ប្រាកដ​ជា​បាន​ដឹង​អំពី​ការ​លា​ឈប់​ពី​ផលិតកម្ម​ហង្ស​មាស​ក្រោយ​ពី​គាត់​បាន​ឈរ​ជើង​អស់​រយះ​ពេល​៥​ឆ្នាំ​មក​នេះ​។​

ការ​ពិត​វា​មិន​មែន​ជា​ដំណឹង​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ឡើយ​ចំពោះ​ដំណឹង​មួយ​នេះ​ ដោយ​សារ​តែ​គាត់​(អ្នក​នាង​យក់​ ថិតរដ្ធា​)​បាន​បង្ហើប​វា​យូរ​មក​ហើយ​ថា​ បើ​សិន​ជា​ផលិតកម្ម​ហង្ស​មាស​មិន​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​នោះ​ គាត់​នឹង​ដើរ​ចេញ​។​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​មហា​ជន​ភ្ញាក់​ផ្អើល​គឺ​ព័ត៌មាន​បន្ទាប់​ពី​នេះ ពោល​គឺ​មិន​ប៉ុន្មាន​ម៉ោង​ផង ក៏​មាន​សារ​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ការ​ដែល​​អ្នក​នាង យក់​ ថិតរដ្ធា​ចាក​ចេញ​ក៏​ដោយ​សារ​​រដ្ធា អន់​ចិត្ត​ តូច​ចិត្ត​ឬ​អាច​ថា​ច្រណែន​នឹង​កញ្ញា​សុគន្ធ នីសា​ដែល​ត្រូវ​បាន​ហង្ស​មាស​លើក​ដាក់​លើ​ជើង​ពាន​ បញ្ចេញ​ទាំង​បទ​ចម្រៀង​យ៉ាង​ពិសេស​ៗ​ព្រម​ទាំង​ផ្ដល់​ដំណែង​ជា​តួឯក​ទៀត​ផង។

តាម​រយះ​ព័ត៌មាន​ដែល​យក​សុគន្ធ​ នីសា​មក​ពាក់​ព័ន្ធ​នេះ​ហាក់​​ដូច​ជា​មាន​ចេតនា​លាប​ពណ៌​អោយ​អ្នក​នាង​យក់ ថិតរដ្ធា​​ក្លាយ​ជា​​មនុស្ស​ម្នាក់​មាន​ចិត្ត​ចង្អៀត​ ចិត្ត​អាក្រក់ ច្រណែន​ឈ្នានីស​សុគន្ធ​ នីសា​ទៅ​វិញ​។​នេះ​អាច​ចាត់​ទុក​ថា​ជា​ការ​លាប​ពណ៌​ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ម្ចាស់​បទ​ភ្លើង​រូប​នេះ ក្នុង​ន័យ​អោយ​មហា​ជន​លែង​គាំ​ទ្រ​ត​ទៅ​ទៀត។​

បើ​ទោះ​ជា​យ៉ាង​ណា​​វា​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ សម្រាប់​​តារា​ចម្រៀង​ដែល​ចាក​ចេញ​ពី​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ ដោយ​សារ​តែ​កញ្ញា​ ឈិត​ សុវណ្ណ​បញ្ញា​ក៏​​ត្រូវ​ក្លាយ​ជា​មនុស្ស​រមិល​គុណ​ផង​ដែរ​។​ពោល​គឺ​អតីត​តារា​ចម្រៀង​ហង្ស​មាស​ទាំង​ពីរ​ ហាក់​ដូច​ជា​មាន​នរណា​ម្នាក់​មាន​បំណង​ចាំ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ​អញ្ចឹង​ក្រោយ​ពី​ការ​ដើរ​ចេញ​របស់​ពួក​គាត់៕​​​​​​​​​​​​

ដោយ: Sai 

Share on Google Plus

0 comments:

Post a Comment