រិះគន់ថាគ្មានគំនិតបង្កើតសាច់រឿងថ្មី ទិញរឿងគេមកថត ចុះ….ម៉េចមិនរិះគន់ដែរទៅ?


រលកបោកបក់ ព្យុះរិះគន់មិនមែនទើបតែកើតឡើងនៅពេលថ្មីៗទេ ពោលគឺយូរមកហើយ ដែលពលរដ្ធខ្មែរតែងរិះគន់ទៅលើអ្នកនិពន្ធនិងដឹកនាំរឿងដែលនិយមទិញសិទ្ធផលិតពីបរទេស មកថតឡើងវិញក្នុងបរិបទខ្មែរ។ ជាទូទៅការរិះគន់ដែលប្រើពាក្យសម្តីធ្ងន់ធ្ងរ អសុរោះដល់អ្នកនិពន្ធថាគ្មានខួរក្បាលគិត និពន្ធរឿងថ្មីដោយខ្លួនឯងចាំតែទិញសាច់រឿងពីគេ។ ឯមតិខ្លះឈានទៅដល់ការលើកឡើងពីការដែលត្រូវជនជាតិគេមើលងាយថាខ្មែរមិនចេះផលិតស្នាដៃថ្មីខ្លួនឯង។ បើតាមការសង្កេតអ្នកដែលត្រូវរងព្រនង់នៃពាក្យសម្តីដូចជាគេយកពូថៅកាប់នោះ ភាគច្រើនធ្លាក់ទៅលើអ្នកនិពន្ធខ្សែរភាពយន្ត អ្នកនិពន្ធបទភ្លេង អ្នកនិពន្ធទំនុកច្រៀង ឬក៏តារាចម្រៀងឬសម្តែងផ្ទាល់តែម្តង ក៏ប៉ុន្តែអ្នករិះគន់ទាំងនោះភ្លេចឬអាចថាមើលរំលងរឿងមួយដែលយើងនឹងត្រៀមលើកឡើងនៅថ្ងៃនេះ។
អ្វីដែលយើងលើកមកជាឧទាហរណ៏ថ្ងៃនេះគឺពត៏មានថ្មីៗដែលបានរិះគន់ទៅលើស្ថានីយ៏ទូរទស្សន៏ប៉ុស្ត៏លេខ ៥ ដែលបានទិញសិទ្ធក្នុងការផលិតរឿងផ្កាយព្រឹកសារជាថ្មី។ ជាក់ស្តែងវាបានក្លាយជាប្រធានបទដ៏ពេញនិយមក្នុងបណ្តាពត៏មានមួយចំនួន ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ដែលមានទាំងអ្នកលេងទូទៅឬក៏អ្នកដែលមានប្រជាប្រិយភាពខ្លាំងក្នុងហ្វេសប៊ុក សុទ្ធតែបញ្ចេញទស្សនៈដូចគ្នានឹងពលរដ្ធទូទៅ ថាវាបានធ្វើអោយខ្មែរកាន់តែបាក់មុខដោយសារតែមិនមានអ្វីជារបស់ខ្លួនឯង។ ងាកមកចាប់អារម្មណ៏អ្នកដែលក្លាយជាផ្ទាំងសុីប សម្រាប់អោយគេបាញ់នោះមិនមានអ្នកណាឆ្ងាយពីតារាសម្តែងស្រីដែលត្រៀមខ្លួនធ្វើជាតួឯក កញ្ញាព្រះកាយចន្ទ័ដែរ។ កញ្ញាត្រូវបានគេរិះគន់រឿងដែលចង់ល្បី សុខចិត្តថតរឿងនេះ។

អ្វីដែលយើងត្រូវបកស្រាយក្នុងថ្ងៃនេះក៏វាមិនទៅណាឆ្ងាយពីបញ្ហាមិនផលិតដោយស្នាដៃខ្លួនឯងដែរ។នោះគឺកម្មវិធីកម្សាន្តរបស់ទូរទស្សន៏តែម្តង។ ពេលនេះតាមស្ថានីយ៏ទូរទស្សន៏នីមួយៗ ខិតខំស្វះស្វែងប្រជែងគ្នា ទិញកម្មវិធីពីបរទេសដើម្បីទាក់ទាញប្រជាប្រិយភាព ដោយសារតួលេខកម្មវិធីដែលទិញពីបរទេស មានការពេញនិយមជាងការផលិតខ្លួនឯង។ ប៉ុន្តែការនិយមទិញកម្មវិធីពីបរទេសមកថតនេះ មិនមែនសុទ្ធតែធ្វើឡើងគ្រប់ប៉ុស្ត៏នោះទេ គឺសម្រាប់តែប៉ុស្ត៏ដែលមានធនធានច្រើន ហ៊ានជះលុយចោលក្នុងការទិញប៉ុណ្ណោះ រហូតមានស្ថានីយ៏ខ្លះប្រឹងសម្ញែងខ្លួន ជះលុយទៅបរទេសដើម្បីទិញកម្មវិធីកម្សាន្ត និងអួតជាកម្មវិធីលំដាប់ពិភពលោកខណៈដែលខ្លួនមិនមានកម្មវិធីកម្សាន្តថ្មីដែលផលិតដោយខ្លួនឯងសូម្បីតែមួយ ឬសូម្បីតែរឿងភាគខ្មែរក៏គ្មានបានថតមួយចំនិតភាគដែរ។ កត្តានេះធ្វើអោយ លើកជាសំនួរថាតើការរិះគន់ធ្វើឡើងយ៉ាងម៉េច ការដែលទិញរឿងភាគនិងទិញកម្មវិធី បែរជា មួយទទួលការរិះគន់ មួយទៀតទទួលបានការគាំទ្រទៅវិញ? ឬការដែលទិញកម្មវិធីពីបរទេសជាគំនិតបង្កើតថ្មី លើកមុខមាត់ជាតិថា ប្រទេសយើងមិនក្រទេ មានលុយជះរាប់លានដូចប្រទេសអ្នកមានដែរ? ចុះកូនខ្មែរគ្មានខួរក្បាលគិត ផលិតអ្វីដែលថ្មីជារបស់ខ្លួនឯងទេឬយ៉ាងម៉េច? ឬក៏មានប៉ុស្ដ៏ខ្លះផលិតដែរ តែគ្មានអ្នកទស្សនាដោយសារតែទស្សនិកជនឈ្លុកនឹងកម្មវិធី Brand Brand ឈានមុខគេ ល្បីជាសកល? បើកម្មវិធីគេល្បី ល្បីដោយសារអី ក៏ដោយសារជនជាតិគេនាំគ្នាគាំទ្ររហូតក្លាយជាកម្មវិធីមានប្រជាប្រិយភាព ទើបធ្វើអោយប្រទេសដទៃចាប់អារម្មណ៏ទិញ ចុះយើងមានធ្លាប់គិតថាគាំទ្រកម្មវិធីឬខ្សែរភាពយន្តយើងអោយខ្លាំង អោយបរទេសមកទិញពីយើងវិញដែរឬទេ? ទាំងនេះសុទ្ធសឹងជាសំនួរ តែក៏មិនអាចសង្ឈឹមថាបានចម្លើយមកវិញដែរ។
សរុបមកយើងសូមនិយាយថាទំព័ររសជាតិ មិនបានគាំទ្រទាំងភាពយន្ត បទចម្រៀង និងកម្មវិធីដែលមានប្រភពពីបរទេស យើងចង់ឃើញអ្វីដែលចេញពីស្នាដៃ ពីគំនិត ការបង្កើតថ្មីរបស់កូនខ្មែរ ស្នាដៃខ្មែរ។ យើងនៅតែមានក្តីសង្ឈឹមថា ស្ថានីយ៏មួយចំនួននឹងយកថវិកាឬធនធានរបស់ខ្លួនមកអភិវឌ្ឈន៏សមត្ថភាពកូនខ្មែរ ជាជាងយកលុយជាច្រើនសន្ធឹកសន្ធាប់អោយបរទេសសុីគុយទាវធ្វើព្រងើយ៕
Share on Google Plus

0 comments:

Post a Comment