មាស សុខសោភាប្រៀបបាន ខ្ញីចាស់ កាន់តែហឹរ





គ្រាន់តែនិយាយដល់ មាស សុខសោភា ប្រហែលជាគ្មាននរណាម្នាក់ដែលមិនស្គាល់ដល់ថ្នាក់សួរថា ពីណាគេនោះទេ? មិនថាក្មេងឬចាស់ ប្រុសឬស្រី គ្រប់គ្នាសុទ្ធតែស្គាល់តារាចម្រៀងស្រីរូបនេះ ហើយក៏មិនមែនស្គាល់លំៗដែរ គឺស្គាល់ច្បាស់ថាជាតារាចម្រៀងល្បីតំណាងប្រទេសតែម្តង។ តារាចម្រៀងស្រីដែលមានទេពកោសល្យខ្ពស់ផ្នែកសម្លេង ច្រៀងបានគ្រប់ប្រភេទបទ បុរាណដឹងបុរាណ សម័យដឹងសម័យមិនមែនគ្រាន់តែលំៗ មាស សុខសោភា ត្រូវបានមហាជនចាត់ទុកដូចជាខ្ញី ដែលកាន់តែចាស់កាន់តែហឹរ។ រយៈពេលជាងមួយទស្សវត្តមកនេះ មាស សុខសោភានៅតែឈរលំដាប់ជួរមុខជានិច្ច ហើយក៏គេមិនទាន់ឃើញមានតារាចម្រៀងស្រី ជំនាន់ក្រោយរូបណាអាចស្នងតំណែងនេះបានឡើយ បើទោះជាតារាចម្រៀងសព្វថ្ងៃរីកដូចផ្សិតក្តី។

កាន់តែធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល និងរឹតតែពេញចិត្តទៀតនោះ កាលពីបុណ្យអុំទូកកន្លងទៅថ្មីៗនេះ មាស សុខសោភាបើកឆាកដោយចាប់ដៃគូរជាមួយតារាចម្រៀងរបស់យុវវ័យរួមផលិតកម្ម គឺលោក សុគន្ធ ថេរ៉ាយុរួមគ្នាបកស្រាយបទចម្រៀងពីដើមដែលធ្វើអោយអ្នកគាំទ្រឈរភ្លឹកគ្រប់គ្នា រហូតចង់អោយមាស សុខសោភាងាកមកបកស្រាយបទចម្រៀងពីដើមវិញខ្លះៗទៀតផង។ អ្វីដែលរឹតតែពិសេស គឺការបង្ហាញខ្លួនជាមួយនឹងដៃគូរថ្មី លោកTempo និង T.O ជាមួយបទចម្រៀងញាក់កន្រ្តាក់អារម្មណ៏ធ្វើអោយវេទិកា ការប្រគុំតន្រ្តីកាន់តែកក្រើកជាមួយសម្លេងហ៊ោកកញ្រ្ចៀវរបស់អ្នកទស្សនា។ អ្នកតាមដានវិស័យសិល្បៈ សុទ្ធតែយល់ឃើញថា មាស សុខសោភាពេលនេះ រឹតតែខ្លាំង រឹតតែបត់បែន ទាំងការតុបតែងខ្លួន ទាំងបទចម្រៀងសុទ្ធកំពុងតែទទួលបានការចាប់អារម្មណ៏លើសកាលពីឆ្នាំកន្លងមកទៅទៀត។

គួរបញ្ជាក់ផងដែរថាពេលនេះ មាស សុខសោភាកំពុងឡើងកូដខ្លាំងតាមរយៈបទម្នាក់ឯងមិនស្លាប់ទេ ដែលមានអ្នកចូលទស្សនារហូតដល់ជាងមួយលាននាក់ត្រឹមរយៈពេល១៥ថ្ងៃ ហើយនឹងត្រៀមបញ្ចេញបទឧត្តមស្វាមី និងបទ Dance and Smile ក្នុងផលិតកម្មថោនក្នុងពេលឆាប់ៗនេះទៀតផង៕

Share on Google Plus

1 comments:

  1. បើតាមតែខ្ញុំរាប់ថ្ងៃ បទ ម្នាក់ឯងមិនស្លាប់ទេ មានការមើលរហូតតដល់1Mត្រឹមតែ13ថ្ងៃ ២០ម៉ោងហេហេហ

    ReplyDelete